www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, 19 June 2023

សម្ដេចក្រឡាហោម ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន នៅ ស្រុកឯកភ្នំ

 បាត់ដំបង: ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ ១កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកឯកភ្នំ ចំនួន ១ ៧៥០នាក់ ដែលក្នុងពិធិនោះក៏មានការចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណអង្គពិធីទាំងមូល ដែលបានអញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលនាឱកាសនេះ។ សម្ដេចបន្តថា កម្មវិធីជួបសំណេះសំណាលដូចគ្នានេះ បានរៀបចំឡើងដោយមានការគាំទ្រពីក្រុមការងារ ចុះមូលដ្ឋានខេត្តបាត់ដំបង ក្រុមការងារថ្នាក់ក្រុង និងស្រុក នៃខេត្តបាត់ដំបង ហើយគ្រោងនឹងបញ្ចប់ ឱ្យបានមុនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអង្គពិធីទាំងមូល ដែលជាថ្នាក់ដឹកនាំរដ្ឋបាល ក្រុង និងសង្កាត់ ក្រុមការងារ មន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលក្រុង ដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦នេះ។

ទន្ទឹមនឹងគ្នានោះដែរសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីគុណបំណាច់នៃការរួមចំណែករបស់និវត្តន៍ជន និងអតីតយុទ្ធជនក្នុងស្រុកឯភ្នំ ដែលតស៊ូធ្វើពលិកម្ម ក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិ ឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយ។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍អំពីបញ្ហាប្រឈមលើពិភពលោកដែលតិច ឬច្រើនបានជះឥទ្ធិផលមកលើប្រទេសកម្ពុជា ក្នុងនោះរួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងលោកខាងលិច និងខាងកើត សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន វិបត្តិថាមពល និងស្បៀងអាហារ បញ្ហាសង្គ្រាមស៊ីវិលនៅប្រទេសស៊ូដង់ និងការប្រែលប្រួលអាកាសធាតុកាន់តែអាក្រក់ បន្ថែមលើបន្ទុកបញ្ហាបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលពិភពលោកមិនទាន់ដោះស្រាយចប់នៅឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំ ប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងស្រុកឯភ្នំ ខេត្តបាត់ដំបង ធ្វើ ឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ សមិទ្ធផល និងស្នាដៃធំៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជា កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ, ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ, ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាព ចំពោះព្រះមហាក្សត្រ និងរបបរាជានិយម, ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន, ព្រឹត្តិ ការណ៍កីឡាស៊ីហ្គេម, និងអាស៊ានប៉ារ៉ាហ្គេម ជាដើម។

នាឱកាសនោះដែរ សម្ដេចក៏បានគូសបញ្ជាក់បន្ថែម អំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀត ក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់ជាថ្មីទៀត អំពីសារៈសំខាន់ នៃការរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោត តាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ។ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខនេះ ដែលត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយជោគជ័យ។

ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ ជូនអង្គពិធី ចូលរួមផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដែលបានធ្វើចំណាកស្រុក ទាំងនៅក្នុង និងក្រៅប្រទេស សូមត្រៀមឯកសារដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នាំមកនូវសុខសន្តិភាព ស្ថិរភាពជាតិ និងការអភិវឌ្ឍជាតិ ដូចដែលកម្ពុជាបានអនុវត្តន៍ ចាប់តាំងពីឆ្នាំ១៩៩៣មក។

នៅចុងបញ្ចប់នៃពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន យោធិន ថ្នាក់ដឹកនាំឃុំ និងភូមិ ក្នុងស្រុកឯកភ្នំនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ ជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធ ដែលមានស្នាដៃឆ្នើម ក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ៕ ដោយ :dara (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages