www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, 7 November 2023

ក្រសួងធម្មការ និងសាសនា បើកកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គម» លើកទី២៨៦

ក្រសួងធម្មការ និងសាសនា បើកកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គម» លើកទី២៨៦

ភ្នំពេញ ៖ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើកទី២៨៦ ស្មើនឹង៩៨៣ ចំណងជើងព្រះធម៌ ដែលប្រារព្ធឡើងនៅទីស្តីការក្រសួង រសៀលថ្ងៃទី៦ ខែវិច្ចិកាឆ្នាំ២០២៣នេះ។

​កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ 

នាឱកាសបើកនាទីព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គមនេះ មានការនិមិន្ត និងអញ្ជើញចូលរួមដោយព្រះសង្ឃ សីលវ័ន សីលវត្តី សិស្ស និងនិស្សិតយ៉ាងច្រើនកុះករ ចូលរួមក្នុងការស្តាប់ព្រះធម៌ទេសនា ដែលការសម្តែងព្រះធម៌អំពី «កោធវគ្គ» ដោយព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រឹទ្ធបុរសរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាប្រធានសម្របសម្រួល និគមវចនៈ សរុបខ្លឹមសារ, ព្រះវិរិយមង្គល ទូច ពិសិដ្ឋ ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការវត្តសារិកាកែវ ខេត្តកណ្តាល សម្តែងអំពី«កំហុសស្មើដោយទោសៈមិនមាន» និងព្រះមហាវិមលោ ភិក្ខុ ផលចាន់ថេត ធម្មកថិកាចារ្យ គង់នៅវត្តសំពៅមាស រាជធានីភ្នំពេញ សម្តែងអំពី«សម្លាប់សេចក្តីក្រោធបាន តែងនៅជាសុខ»។

ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានថ្លែងថា ក្នុងនាមក្រសួងធម្មការ នឹងសាសនា មានក្តីរំភើបដែលចូលរួមក្នុងកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដែលជាការផ្តួចផ្តើមយ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ ការស្តាប់នៅព្រះធម៌នេះ គឺមានសារៈសំខាន់ណាស់ ក្នុងការយកមកអនុវត្តន៍សំរាប់ជីវភាពប្រចាំថ្ងៃផង នឹងទៅថ្ងៃអនាគតផង តាមរយៈការយកព្រះធម៌មកអប់រំផ្លូវចិត្ត ប្រកាន់ភ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។ 

ឯកឧត្តម បានបញ្ជាក់ថា កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដំណើរការយ៉ាងរលូន ដោយបានបញ្ជ្រាបការយល់ដឹង អប់រំទូន្មានកូនខ្មែរ ប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឲ្យស្គាល់នៅបុណ្យ បាប ល្អ អាក្រក់ ហើយជៀសឲ្យផុតពីគ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ហើយចុងក្រោយឱ្យប្អូនៗយកចិត្តខំប្រឹងរៀនសូត្រ។

ឯកឧត្តម ហាក់ ប៊ុនធឿន បានជម្រាបជូនថា ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងបានរួមចំណែកនៅក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ ពិសេសតាមរយៈពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនេះ កាន់តែធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់វ័យកាន់តែប្រកាន់ភ្ជាប់សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ដើម្បីអភិវឌ្ឍន៏ខ្លួនក្លាយជាបញ្ញាវ័ន ដ៏មានគុណតម្លៃសម្រាប់ប្រទេសជាតិ និងសង្គម៕  អត្ថបទ ៖ រដ្ឋា

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages