www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, 23 January 2024

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ គឺជាភាពជោគជ័យរបស់គម្រោងអភិវឌ្ឍន៍

 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ គឺជាភាពជោគជ័យរបស់គម្រោងអភិវឌ្ឍន៍

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ការផ្តល់នូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ចជូនដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងការផ្ទេរអំណាចឱ្យទៅអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើអន្តរាគមន៍ភ្លាមៗខណៈមានបទល្មើសធនធានធម្មជាតិកើតឡើង គឺជាភាពជោគជ័យ និងនិរន្តភាពរបស់គម្រោងអភិវឌ្ឍន៍នានា ហើយក៏ជាការរំពឹងទុករបស់អ្នកអនុវត្តគម្រោង និងម្ចាស់ជំនួយផងដែរ។

ការថ្លែងឡើងរបស់លោករដ្ឋមន្រ្តី ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ្សង់ បាទីស្ទ (Jean-Baptiste) នាយកកម្មវិធីនៃមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ADF នាថ្ងៃទី២២ មករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត ហ្សង់ បាទីស្ទ (Jean-Baptiste) នាយកកម្មវិធីនៃមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ADF បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីកិច្ចសហប្រតិបត្តិការកន្លងមកក្នុងភាពជាដៃគូរវាងមន្ទីរបរិស្ថានខេត្តសៀមរាប និងមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ ADF និងស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើកិច្ចសហប្រតិបត្តិការបន្ត ដើម្បីរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈការពង្រឹង និងពង្រីកការដាំដើមឈើឡើងវិញ ដែលជាប្រយោជន៍ជូនទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងប្រជាសហគមន៍។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ ADF បន្តគម្រោងអភិវឌ្ឍន៍ ដើម្បីផ្តល់នូវឯករាជ្យភាពលើផ្នែកសេដ្ឋកិច្ចដល់ប្រជាសហគមន៍ ដែលនេះគឺជាទិសដៅអាទិភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

បន្ថែមពីនេះ ចំពោះការផ្ទេរអំណាចទៅឱ្យអាជ្ញាធរមូលដ្ឋានសហការ និងទប់ស្កាត់លើបទល្មើសធនធានធម្មជាតិ មិនមានន័យថា ក្រសួងបរិស្ថានមិនយកចិត្តទុកដាក់ចំពោះបទល្មើសព្រៃឈើនោះទេ គឺក្រសួងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ៤ចំណុចរួមមានទី១. ការជំរុញការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស ២. ការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិឱ្យបានស្អិតរមួត ៣. ការសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង៤. ការជំរុញការដាំ និងស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages