www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, 29 October 2025

កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន៦៥នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ និងខេត្តកំពត

 

កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន៦៥នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ និងខេត្តកំពត

=======
ភ្នំពេញ៖ កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពខណ្ឌចំការមន និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងបន្ទប់ B17-05  ស្ថិតនៅអគារខុនដូរវិមានកុលាប អគារB ជាន់ទី១៧ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិនដែលជាជនសង្ស័យចំនួន៧នាក់។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារៈ ជាវត្ថុតាងរួមមានៈAll in on ចំនួន ៥ គ្រឿង Monitor ចំនួន ២ គ្រឿង CPUចំនួន ២ គ្រឿង និងទូរសព្ទដៃចំនួន ៣២គ្រឿង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រើប្រាស់វិធីសាស្ដ្រឆបោកក្រោមរូបភាពជាការលួងលោមស្នេហា (Romance scam) ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗ។
ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ដោយឡែកនៅថ្ងៃដដែលនេះដែរ ក្នុងករណីមួយផ្សេងទៀត កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរក្នុងខេត្តកំពត បានស្វែងរកមុខសញ្ញា ស្ថិតក្នុងទីតាំងក្រោណ៩៥ ភូមិរលួស សង្កាត់បឹងឈូក ក្រុងបូកគោ ខេត្តកំពត   ដោយបានចុះត្រួតពិនិត្យ ផ្ទះល្វែងចំនួន ០៣ ផ្ទះវីឡាចំនួន០១ និងបន្ទប់ប្រតិបត្តិការចំនួន ០១ និងបានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ៥៨នាក់  (ស្រ្តីចំនួន១៥នាក់)  ក្នុងនោះមានមុខសញ្ញា ក្នុងដីកាចំនួន ០៧នាក់ ស្រ្តី០២នាក់ និងបានដកហូតសម្ភារៈ ជាវត្ថុតាងរួមមានៈកុំព្យូទ័រ ( all in one ) ចំនួន ៦៣គ្រឿង  ធុងpc ០២គ្រឿង ម៉ូនីទ័រ ០៣គ្រឿង និងទូរសព្ទដៃ ៤៨គ្រឿង។
   ផ្អែកតាមការធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច និងវត្ថុតាង ក្នុងបន្ទប់ការិយាល័យ X2 គឺជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព វិនិយោគពាក់ព័ន្ធ និងរូបិយបណ្ណអេឡិចត្រូនិចលើគេហទំព័រ ក្លែងក្លាយ គ្មានប្រភពច្បាស់លាស់  ដែលមានគោលដៅទៅប្រទេសផ្សេងៗ។ 
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages