www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, 27 February 2026

បង្ក្រាបករណី Online Scam ក្នុងបុរីប៉េងហួតច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់

 


បង្ក្រាបករណី Online Scam ក្នុងបុរីប៉េងហួតច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់
===
ភ្នំពេញ៖ ជនសង្ស័យជាបរទេសចំនួន៨១នាក់ដែលជាប់ពាក់ព័ន្ធ online scam ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត ចំណុចផ្ទះលេខ៧៩ ផ្លូវ L-03 ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ផ្អែកលើរបាយការណ៍កោសល្យវិច័យ ជនសង្ស័យខាងលើបានលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពលួងលោមស្នេហា (Romance Scams)។
ប្រតិបត្តិការបង្រ្កាបករណី online scamនេះ ត្រូវបានធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
ជនបរទេសទាំង៨១នាក់នេះ មានជនជាតិចិនចំនួន៧២នាក់ (ស្ត្រី៣នាក់ ) និងជនជាតិមីយ៉ាន់ម៉ា ចំនួន៩នាក់(ស្រី្ត១នាក់)។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមានកុំព្យូទ័រ All in one ចំនួន ៥១គ្រឿង ម៉ូនីទ័រ ចំនួន ១០ គ្រឿង  CPU ចំនួន ១១ គ្រឿង Laptop ចំនួន ០២ គ្រឿង ទូរសព្ទបម្រើបទល្មើស ចំនួន ៤៨០ គ្រឿង សក់សិប្បនិម្មិត១២សក់ ⁠ទូដែក១ ។
ចំពោះករណីនេះ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពឡើយ។
គួររំលេចជូនថាយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយការចាត់វិធានការច្បាប់ជាក់លាក់ ស៊ីជម្រៅនៅទូទាំងប្រទេស ក្នុងរយៈពេលជាង៨ខែកន្លងមកនេះ បានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញក្នុងរាជធានី-ខេត្ត ខណៈបានជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់ដែលបានចាញ់បោកមេខ្លោង ធ្លាក់ចូលក្នុងអន្ទាក់ឧក្រិដ្ឋកម្មឆបោកនេះ ក្នុងចំណោមជនពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឆបោកមាន ២៦ សញ្ជាតិផ្សេងគ្នា។ ជាលទ្ធផល ទីតាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនៅក្នុងរាជធានី-ខេត្ត សរុបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផង ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ ដោយសមត្ថកិច្ចកំពុងបន្តគ្រប់គ្រងដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យ និងអនុវត្តនីតិវិធីច្បាប់។ ដោយឡែក សមត្ថកិច្ចក្នុងខេត្តព្រះស៊ីហនុ គិតចាប់ពីពាក់កណ្តាលខែមករា រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានចុះត្រួតពិនិត្យកាស៊ីណូសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៨៩ ទីតាំង មាន៣១៣ អគារ។ ជាលទ្ធផល សមត្ថកិច្ចបានបង្រ្កាប និងសម្រេចបិទខ្ទប់ទីតាំងចំនួន ៥៧ កន្លែង ស្មើនឹង២២៤អគារ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៨១នាក់ (ស្តី្រ ៩នាក់) ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី, ចិន, នេប៉ាល់, វៀតណាម, មីយ៉ាន់ម៉ា ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។
ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃការបិទខ្ទប់ទីតាំងក្នុងរាជធានី-ខេត្ត ដែលក្រុមឧក្រិដ្ឋជនធ្លាប់បានប្រើប្រាស់សម្រាប់អំពើឧក្រិដ្ឋ បានជំរុញឱ្យជនបរទេសសរុបចំនួន ២២៣,៦១០ នាក់ បានស្ម័គ្រចិត្តចាកចេញទៅកាន់ប្រទេសពួកគេវិញ គិតចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនោះមានជនជាតិចិន, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដែស, ប៉ាគីស្ថាន។ ទន្ទឹមគ្នានេះ មានក្រុមមេខ្លោងមួយចំនួនបានរត់គេចពីសមត្ថកិច្ច ដោយក្នុងចំណោមនោះ ខ្លះបានចាកចេញទៅកាន់ប្រទេសផ្សេងពីកម្ពុជាដើម្បីនឹងអាចបន្តសកម្មភាពឆបោក និងខ្លះបានលាក់ខ្លួននៅក្នុងប្រទេស ដោយបានប្តូរទម្រង់នៃការឆបោកទៅជាក្រុមតូចៗ ដើម្បីលបលួចប្រព្រឹត្តនៅតាមទីតាំងផ្ទះជួលផ្សេងៗគ្នា និងខ្លះក្នុងរូបភាពចល័ត។ ក្រុមសមត្ថកិច្ចក្នុងរាជធានី-ខេត្តទាំង២៥ កំពុងបង្កើនសកម្មភាពបោសសម្អាត ស្រាវជ្រាវ​ស៊ើបអង្កេត និងបង្រ្កាបយ៉ាងយកចិត្តទុកដាក់លើទីតាំងដែលមានការលបលួចធ្វើកម្មភាព ដោយមិនអនុញ្ញាតឱ្យមានការជ្រកប្រព្រឹត្តអំពើល្មើស ទោះសំបុកតូច ឬធំក៏ដោយ ក្នុងក្របខណ្ឌនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់​តាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
«យើងត្រូវបន្តស្រាវជ្រាវឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យដល់ឬសគល់នៃបញ្ហា ដើម្បីឈានទៅគ្រប់គ្រង និងបោសសម្អាតឱ្យអស់ពីកម្ពុជា» នេះជាប្រសាសន៍លើកឡើងនាពេលថ្មីៗនេះរបស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រីបានអត្ថាធិប្បាយទៀតថា៖ «បច្ចុប្បន្ន អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាង ១០០​ ករណី ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញក៏ផ្តោតផងដែរលើការស្រាវជ្រាវអំពីប្រព័ន្ធនៃលំហូរហិរញ្ញវត្ថុ

និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនពាក់ព័ន្ធនឹងបណ្តាញក្រុមឧក្រិដ្ឋជនឆបោកOnline Scams» ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕
***
ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages