អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យទីតាំងជាង២៧០០កន្លែងរកឃើញជនបរទេសស្នាក់នៅជាង២០.០០០នាក់ ក្នុងនោះបង្រ្កាបបទល្មើស Online Scams បានចំនួន៤០ករណី====
ភ្នំពេញ៖ ក្នុងរយៈពេល១៥ថ្ងៃគិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះ ត្រួតពិនិត្យតាមទីតាំង ជាង២៧០០កន្លែង រកឃើញជនបរទេស ស្នាក់នៅចំនួន ២១.១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន៦.៦៨៣នាក់។ ក្នុងនោះនោះបង្រ្កាបបទល្មើស Online Scams បានចំនួន៤០ករណី។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។
នៅក្នុងរយៈពេល១៥ថ្ងៃនេះដែរ សមត្ថកិច្ច ក៏បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៤០ករណី ផ្សេងទៀត ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន ២៨៤នាក់ ក្នុងនោះស្ត្រី ៣១នាក់ មកពី១៣សញ្ជាតិ រួមមានៈ វៀតណាម ចិន មីយ៉ានម៉ា កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងសិង្ហបុរី។
ក្នុងចំណោមករណីបង្ក្រាបខាងលើ សមត្ថកិច្ច ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១១ ករណី ដែលមានមេខ្លោង និងអ្នកពាក់ព័ន្ធផ្ទាល់ជាជនជាតិចិន២២នាក់ សិង្ហបុរី០១នាក់ និងខ្មែរ០១នាក់សរុបទាំងអស់ ២៤នាក់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕
***
ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)













No comments:
Post a Comment