កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុមុខ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ លើកទី២៨» និង «ពិធីសំណេះសំណាលជាមួយសិល្បករទូទាំងប្រទេសលើកទី៧» ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីសិល្បករ ឥស្សរជន និងយុវជនប្រមាណ ៧០០នាក់ ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ថា ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ត្រូវបានអនុវត្តអស់រយៈពេល ១១ឆ្នាំមកហើយ ។ ក្នុងបរិបទឌីជីថល យុវជនត្រូវមានភារកិច្ចចម្រាញ់វប្បធម៌បរទេស និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្សព្វផ្សាយបេតិកភណ្ឌខ្មែរទៅកាន់ពិភពលោក ។
លោកជំទាវមានប្រសាសន៍ក្រើនរម្លឹកថា ការប៉ុនប៉ងយកមរតកវប្បធម៌ខ្មែរទៅបកស្រាយខុសពីប្រភពដើមពីសំណាក់ប្រទេសជិតខាង គឺជាការដាស់តឿនឱ្យប្រជាជនគ្រប់រូប ជាពិសេសយុវជន រួមគ្នាការពារ និងអភិរក្សអត្តសញ្ញាណជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា អំណាចពិតប្រាកដរបស់ជាតិមិនមែនមានតែលើកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតលើស្មារតីសាមគ្គីភាព និងឥទ្ធិពលវប្បធម៌ ។បេតិកភណ្ឌរូបវន្ត និងអរូបវន្តដែលចុះក្នុងបញ្ជីពិភពលោក គឺជាទុនដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគ និងទេសចរណ៍ ។ ឯកឧត្តមបានចាត់ទុកសិល្បករគ្រប់រូបជាតួអង្គសំខាន់ក្នុងការនាំយកតម្លៃខ្មែរទៅកាន់ឆាកអន្តរជាតិ ។ ជាមួយគ្នានេះ សិល្បករប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ក្នុងការសម្តែង និងការស្លៀកពាក់ ដើម្បីរក្សាអត្តសញ្ញាណជាតិ ។
ឯកឧត្តម ហ៊ុន ម៉ានីបានជំរុញឱ្យប្រជាជន ជាពិសេសយុវជន រួមគ្នាការពារ និងទប់ស្កាត់ការប៉ុនប៉ងយកមរតកវប្បធម៌ខ្មែរទៅបកស្រាយខុសពីប្រភពដើម ។ ក្នុងនោះក្រសួងវប្បធម៌ត្រូវសហការជាមួយវិស័យឯកជន ដើម្បីបណ្ដុះបណ្ដាល និងបង្កើតឱកាសការងារសិល្បៈដល់យុវជន ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជនម្នាក់ៗក្លាយជា «មគ្គុទ្ទេសក៍វប្បធម៌» តាមរយៈការផលិតមាតិកាឌីជីថលប្រកបដោយមនសិការ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា "វប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី របស់ខ្មែរយើង ពិតជាមានលក្ខណៈវិសេសយ៉ាងច្រើន ប្រកបដោយគុណតម្លៃ។ ផ្អែកលើសង្គម សេដ្ឋកិច្ច និងទេសចរណ៍ ក្នុងនោះបេតិកភណ្ឌរូបវន្ត និងអរូបវន្តជាច្រើនរបស់កម្ពុជា ត្រូវបានទទួលស្គាល់ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ផ្អែកទៅលើគុណតម្លៃលេចធ្លោជាសកល សម្រាប់មនុស្សជាតិ៕











No comments:
Post a Comment