www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, 1 March 2026

សមត្ថកិច្ចចម្រុះបង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ជាជនជាតិបង់ក្លាដេស និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសដូចគ្នាចំនួន២នាក់នៅខណ្ឌសែនសុខ

 


សមត្ថកិច្ចចម្រុះបង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ជាជនជាតិបង់ក្លាដេស និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសដូចគ្នាចំនួន២នាក់នៅខណ្ឌសែនសុខ

====
ភ្នំពេញ៖  កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះករណីចាប់ជំរិត ស្ថិតនៅចំណុចផ្ទះលេខ ៤៩៥ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបានជួយសង្គ្រោះជនរងគ្រោះម្នាក់ជាជនជាតិបង់ក្លាដេសឱ្យរួចផុតពីការបង្ខាំងធ្វើទុកបុកម្នេញក្នុងសំបុកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន២នាក់ត្រូវបានឃាត់ខ្លួន និង២នាក់ទៀតកំពុងរត់គេខ្លួន។
នេះបើតាមការឱ្យដឹងពីប្រភពព័ត៌មាននៃលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប)។
ការបង្ក្រាបនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងថា មានករណី បង្ខាំង ធ្វើទារុណកម្ម ជំរិតយកលុយបានសម្រេចចំនួន៥០០០ដុល្លារ ដោយជនសង្ស័យចំនួន៤នាក់ជនជាតិបង់ក្លាដេស ។
រងគ្រោះបានប្រាប់សមត្ថកិច្ចខណ្ឌសែនសុខថា ខ្លួនត្រូវបានចាប់ជំរិតចេញពីទីតាំង Online Scam មួយកន្លែង ដែលខ្លួនធ្វើការ មានទីតាំងស្ថិតនៅផ្ទះលេខ G31 ផ្លូវបេតុងផ្សារខេស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 
ក្រោយពីទទួលបានព័ត៌មាននេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការចុះត្រួតពិនិត្យទីតាំងផ្ទះលេខ G31 ខាងលើក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាលទ្ធផលពេលសមត្ថកិច្ចពិនិត្យឃើញថា ទីតាំងខាងលើជាប្រភេទផ្ទះល្វែង មានកម្ពស់ ៣ជាន់ ស្នើនឹង ៥បន្ទប់ រកមិនឃើញមានករណី Online Scam ទេ ប៉ុន្តែរកឃើញមានជនជាតិបង់ក្លាដេស ស្នាក់នៅប្រមូលផ្តុំ ចំនួន១៤នាក់ មានលិខិតឆ្លងដែន ចំនួន ០៤នាក់ មិនមានលិខិតឆ្លងដែន ចំនួន ១០នាក់។  ក្រៅពីនេះ ក៏បានរកឃើញសម្ភាររួមមានៈ  កុំព្យូទ័រយួរដៃ ចំនួន ០៣គ្រឿង  ទូរសព្ទដៃ ចំនួន ២៩គ្រឿង iPhone 17 Pro Max ចំនួន ០១គ្រឿង  iPhone 16 Pro Max ចំនួន ០១គ្រឿង  iPhone 16 Pro ចំនួន ០១គ្រឿង  ទូរសព្ទដៃចម្រុះ ចំនួន ២៦គ្រឿង ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក PCX ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 1HS-5428  ខ្សែកពណ៌លឿង ចំនួន ០៥ខ្សែ ខ្សែកពណ៌សរ ចំនួន ០៩ខ្សែ ខ្សែដៃពណ៌លឿង ចំនួន ០៣ខ្សែ  ខ្សែដៃពណ៌សរ ចំនួន ០២ខ្សែ និងបន្តោងខ្សែកពណ៌លឿង ចំនួន ០១។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បាននាំជនសង្ស័យនិងជនរងគ្រោះមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងចាត់ការតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages