www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, 11 April 2026

រដ្ឋបាលខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ៤៩នាក់ពាក់ព័ន្ធOnline Scam និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត

 


រដ្ឋបាលខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ៤៩នាក់ពាក់ព័ន្ធOnline Scam និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីថ្ងៃទី៨ និង ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចម្រុះបានបង្កើនល្បឿនក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ ដើម្បីត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការស្នាក់នៅមិនស្របច្បាប់របស់ជនបរទេស១០ទីតាំងផ្សេងគ្នាស្ថិតក្នុងភូមិសាស្រ្តខេត្ត។
ជាលទ្ធផលក្នុងចំណោម១០ទីតាំងនេះ សមត្ថកិច្ចរកឃើញអគារមួយកន្លែងស្ថិតនៅក្រោយសណ្ឋាគារ អ៊ូថុង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺមានជាប់ពាក់ព័ន្ធករណី online scam ដោយឃាត់ខ្លួនជនបរទេសចំនួន៤៩នាក់ និងដកហូតទូរសព្ទដៃ ៤៣៥ គ្រឿង, កុំព្យូទ័រលើតុ ៧៥គ្រឿង និងកុំព្យូទ័រយួរដៃ៥គ្រឿង។ ចំណែកក្នុងអគារហ័រធីងអ៊ីនយៀកសឹងទៀន ស្ថិតនៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ក្រុមសមត្ថកិច្ចបានចុះបង្ក្រាបអគារមួយកន្លែងទៀតជាប់កាស៊ីណូហ្សុងហ័ររី ដោយរកមិនឃើញមនុស្សស្នាក់នៅទេ ប៉ុន្តែសមត្ថកិច្ចបានដកហូតបានវត្ថុតាងមានដូចជា ទូរសព្ទដៃ ចំនួន ១,៥០០ គ្រឿង, ម៉ូនីទ័រ ១៤៥ គ្រឿង និងរថយន្ត ៥ គ្រឿង ។
នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៩។
ចំណែកការចុះប្រតិបត្តិការនៅកាស៊ីណូ "ហ្សុងហ័ររី ហ្គោលដិន សេន" ស្ថិតក្នុងសង្កាត់លេខ៤  ក្រុមការងារសមត្ថកិច្ចបានរកឃើញមនុស្សសរុប ១០៤នាក់ (ស្រី្ត ១៧ នាក់) ក្នុងនោះមានលិខិតឆ្លងដែន ៧៥ នាក់។ វត្ថុតាងដែលត្រូវបានរឹបអូស មានកុំព្យូទ័រលើតុ ចំនួន ៣០ គ្រឿង, ម៉ូនីទ័រ ៩ គ្រឿង, ម៉ាស៊ីន CPU ៩គ្រឿង និងទូរសព្ទដៃចំនួន ៧២ គ្រឿង។ បច្ចុប្បន្ន ជនបរទេស ៣៥ នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញ ចំណែក ៦៩ នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យទិញសំបុត្រយន្តហោះដើម្បីចាកចេញពីកម្ពុជា ។
ក្នុងថ្ងៃដដែល ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ នៅសណ្ឋាគារ ប៉ាមីស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៤ នាក់ (គ្មានលិខិតឆ្លងដែន) និងម្នាក់ទៀតពាក់ព័ន្ធករណីគ្រឿងញៀន,នៅអគារផ្ទះវិឡា បុរីអូរ៣ សុខសាន្ត ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ  មានជនបរទេស១៥នាក់ (ស្ត្រីនាក់) ស្នាក់នៅក្នុងនោះឃាត់ខ្លួនជនជាតិចិន១នាក់ និងជនជាតិប៉ាគីស្ថាន១ នាក់ (គ្មានលិខិតឆ្លងដែន) រួមទាំងដកហូតកុំព្យូទ័រមួយចំនួន និងនៅសណ្ឋាគារ ម៉ារីប៊ិចស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជនបរទេស១១នាក់ស្នាក់នៅក្នុងនោះក្រុមការងារឃាត់ខ្លួនជនជាតិវៀតណាម ១ នាក់ ករណីពុំមានលិខិតឆ្លងដែន ។

គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានអនុវត្តការត្រួតពិនិត្យទីតាំងស្នាក់នៅសរុបចំនួន ៧៧៤ ទីតាំង ក្នុងនោះបានបង្ក្រាបទីតាំងពាក់ព័ន្ធនឹង Online Scams បានចំនួន ២៨ ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន ១៦ ទីតាំង។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប. ) បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ដោយឡែកចំពោះម្ចាស់ផ្ទះ ឬអគារ ត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែង ទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ‎ ‎ ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។

គួររម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។










No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages