www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, 2 May 2026

អ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីអំពាវនាវ ៤ចំណុច ដើម្បីពង្រឹងសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន


 អ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីអំពាវនាវ ៤ចំណុច ដើម្បីពង្រឹងសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញនូវសកម្មភាពមិនរៀបរយមួយចំនួន ដែលអ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មាន រាប់ទាំងការយកព័ត៌មាន និងផ្សាយផ្ទាល់ នៅតាមទីសាធារណៈ ក៏ដូចជាទីតាំងដែលមានសមត្ថកិច្ចធ្វើប្រតិបត្តិការ។ សកម្មភាពអសណ្តាប់ធ្នាប់ ដែលរួមមានការដណ្តើមគ្នាថត សម្ភាសន៍ បង្កភាពវឹកវរ ការប្រើប្រាស់សម្តីមិនសមរម្យ និងការរំខានដល់ការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បានបង្កើតជារូបភាពអវិជ្ជមាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃ និងកិត្យានុភាព នៃវិជ្ជាជីវៈសារព័ត៌មានទាំងមូល។
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបាន ធ្វើការអំពាវនាវដូចខាងក្រោម៖
១. អ្នកសារព័ត៌មានត្រូវគោរពដែនកំណត់នៃតួនាទី និងភារកិច្ចជាអ្នកសារព័ត៌មាន
អ្នកសារព័ត៌មានមានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ។ ក្នុងករណីមានបទល្មើស គ្រោះថ្នាក់ចរាចរណ៍ ឬហេតុការណ៍ណាមួយ អ្នកសារព័ត៌មានមិនត្រូវធ្វើការវិនិច្ឆ័យ ឬកាត់សេចក្តីលើសាច់រឿងជំនួសសមត្ថកិច្ចឡើយ។ មិនត្រូវប្រើតួនាទីជាអ្នកសារព័ត៌មានជ្រៀតជ្រែកក្នុងកិច្ចការរបស់អាជ្ញាធរ ឬសមត្ថកិច្ចជំនាញ ពោលគឺមិនត្រូវអនុវត្តហួសដែននៃតួនាទីសារព័ត៌មានឡើយ។ ការប្រើប្រាស់វេទិកាសារព័ត៌មានដើម្បីចោទប្រកាន់បុគ្គលណាម្នាក់ដោយពុំមានការវិនិច្ឆ័យពីសមត្ថកិច្ច ឬតុលាការត្រឹមត្រូវច្បាស់លាស់ គឺជាការរំលោភលើសិទ្ធិបុគ្គល និងជាការអនុវត្តប្រាសចាកពីតួនាទីស្នូលរបស់ខ្លួន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
២. អ្នកសារព័ត៌មានត្រូវផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានគុណភាព៖
ព័ត៌មានដែលមានគុណភាព គឺជាព័ត៌មានពិត មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដោយផ្តល់សំឡេងដល់អ្នកពាក់ព័ន្ធក្នុងសាច់រឿង។ អ្នកសារព័ត៌មានត្រូវរាយការណ៍ទាំងអង្គហេតុ និងអង្គច្បាប់ ដោយជៀសវាងការផ្សាយតែមួយជ្រុងដែលនាំឱ្យមានការភាន់ច្រឡំ និងការបកស្រាយខុសៗគ្នាលើរឿងតែមួយ។ ព័ត៌មានដែលត្រឹមត្រូវ នឹងក្លាយជាបច្ច័យដ៏សំខាន់សម្រាប់ជួយដល់ការអនុវត្តការងាររបស់សមត្ថកិច្ច និងជួយឱ្យសាធារណជនទទួលបានព័ត៌មានពិតប្រាកដ ទុកចិត្តបាន និងលើកកម្ពស់ការយល់ដឹងពីសច្ចភាពសង្គម។
៣. ការរាយការណ៍ព័ត៌មានត្រូវគោរពសិទ្ធិបុគ្គល និងសេចក្តីថ្លៃថ្នូរអ្នកដទៃ៖
ការរាយការណ៍ព័ត៌មានមិនត្រូវរំលោភលើសិទ្ធិឯកជនភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់បុគ្គលឡើយ។ ការដេញជម្រៀតគ្នាដើម្បីសម្ភាសន៍ ឬការប្រើសម្តីបង្ខិតបង្ខំចំពោះប្រភពព័ត៌មាន ដែលមិនទាន់ផ្តល់ការអនុញ្ញាតឱ្យសម្ភាសន៍ នៅតាមទីសាធារណៈ គឺជាទង្វើមិនសមរម្យ ធ្វើឱ្យបាត់បង់តម្លៃសីលធម៌សង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
៤. ការរាយការណ៍ព័ត៌មានភ្ជាប់ការទទួលខុសត្រូវ និងករណីយកិច្ចចំពោះសង្គម៖
អ្នកសារព័ត៌មានត្រូវចងចាំថា រាល់ការផ្សាយរបស់ខ្លួនមានឥទ្ធិពលដល់ការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អ្នកសារព័ត៌មានមានករណីយកិច្ចធានាការប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ជៀសវាងការធ្វើសកម្មភាពហួសតួនាទី ដែលអាចបង្កការរំខានដល់ការរស់នៅដោយប្រក្រតីរបស់ប្រជាពលរដ្ឋទូទៅ ឬរារាំងដល់ការងាររបស់អាជ្ញាធរដែលត្រូវបំពេញភារកិច្ច។
អ្នកនាំពាក្យក្រសួងព័ត៌មានសង្ឃឹមថា អ្នកសារព័ត៌មាននឹងយកចិត្តទុកដាក់ខ្ពស់លើការកែលម្អឥរិយាបថ និងពង្រឹងការអនុវត្តការងារឱ្យស្របតាមនិយាមវិជ្ជាជីវៈ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីលើកកម្ពស់គុណតម្លៃសារព័ត៌មាន និងថែរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages