www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, 10 May 2026

សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online scam ២កន្លែងក្នុងខណ្ឌ៧មករា និងឃាត់ខ្លួនជនបរទេស៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី


 សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online scam ២កន្លែងក្នុងខណ្ឌ៧មករា និងឃាត់ខ្លួនជនបរទេស៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី

====
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ        បង្ក្រាបទីតាំងសង្ស័យបង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រខណ្ឌ៧មករា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជា ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងមានការចូលរួមពីអាជ្ញាធរខណ្ឌ៧ មករា ។
ករណីទី១៖ បង្ក្រាបនៅសណ្ឋាគារ ប៊ីផ្លិស អគារលេខ ៥៥ ផ្លូវលេខ ១១៣ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ភី ស៊ីថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ករណីនេះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សសរុបចំនួន ៥៥នាក់ (ស្រី ៩នាក់) ដែលសុទ្ធសឹងជាជនជាតិឥណ្ឌូនេស៊ី ក្នុងនោះមានម្នាក់គ្មានលិខិតឆ្លងដែន និង ២៧នាក់ផ្សេងទៀតបានហួសទិដ្ឋាការ (Visa)។ ដកហូតបានទូរសព្ទដៃចំនួន ២៨០ គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ៨ គ្រឿង,លិខិតឆ្លងដែនឥណ្ឌូនេស៊ី ចំនួន ៣០ ច្បាប់ និងរថយន្តម៉ាក Alphard ពណ៌ខ្មៅ ១គ្រឿង (ផ្លាកលេខ ភ្នំពេញ 2CC-3190)។
ផ្អែកតាមការកោសលវិច័យបឋមលើឧបករណ៍បច្ចេកវិទ្យា សមត្ថកិច្ចបានរកឃើញរូបភាពនារីស្រស់ស្អាតជាច្រើន និងឯកសារសម្រាប់ប្រើប្រាស់ក្នុងការនិយាយលួងលោមអូសទាញបែបស្នេហា។
សមត្ថកិច្ចបានសន្និដ្ឋានថា ទីតាំងនេះបានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងរូបភាព "Romance Scams" (ឆបោកតាមស្នេហា) មានគោលដៅលើជនរងគ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ករណីទី២ ៖  សមត្ថកិច្ចជំនាញ សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌ៧មករា និងមានការសម្របសម្រួលពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងបង្ក្រាបនៅមជ្ឈមណ្ឌលអូឡាំព្យាអាគារ S3 ក្នុង បន្ទប់ BB cake ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយរកឃើញបុរសជនជាតិចិនចំនួន ៣ នាក់  ក្នុងនោះគ្មានលិខិតឆ្លងដែន ចំនួន ១ នាក់  និងដកហូត           សម្ភារៈរួមមានៈ  កុំព្យូទ័រ All inone ២គ្រឿង ,⁠monitors ១គ្រឿង និងទូរសព្ទ៤គ្រឿង។
ករណីទី២នេះ សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជាករណី ឆបោក online Scames ក្រោមរូបភាពអូសទាញវិនិយោគ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការតាមច្បាប់ជាធរមាន។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២៦មក។ ជាមួយច្បាប់នេះ បទល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕
ប្រភព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages