www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, 18 June 2026

ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ


 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ

====
ព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម។
          ការណែនាំនេះ ធ្វើឡើងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ  លោកអភិបាលរងស្រុករវៀង  លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១,០០០នាក់។
ឯកឧត្តម ទេព អស្នារិទ្ធ បានផ្តល់ដំបូន្មានដល់ សិស្សានុសិស្សកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ឱ្យប្រើប្រាស់បច្ចេកវិទ្យា ដើម្បីទទួលចំណេះដឹងតាមប្រព័ន្ធឌីជីថល ដែលក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតឡើង និងទទួលព័ត៌មានវិជ្ជមានពីបណ្តាញសង្គមផ្សេងៗ សម្រាប់ការសិក្សា និងធ្វើលំហាត់អនុវត្តន៍ជាក់ស្តែងឱ្យបានចំគោលដៅ។
«នៅពេលដែលយើងប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវតាមគោលដៅ វានឹងផ្ដល់ផលប្រយោជន៍ និងផ្តល់តម្លៃមកឱ្យយើងវិញ។ យើងអាចទទួលបាននូវចំណេះដឹងបន្ថែម ក្រៅពីអ្វីដែលបានរៀននៅក្នុងថ្នាក់ និងអ្វីដែលលោកគ្រូអ្នកគ្រូបានផ្ដល់ឱ្យ។ តាមរយៈមធ្យោបាយឌីជីថលនៅលើដៃរបស់យើងនេះ យើងអាចបង្កើនចំណេះដឹងបានជាប្រចាំថ្ងៃ។ ពេលខ្លះ នៅពេលដែលយើងធ្វើការស្រាវជ្រាវលើប្រធានបទណាមួយ យើងត្រូវប្រើប្រាស់ទូរស័ព្ទ ដើម្បីស្វែងរកព័ត៌មានដែលក្រសួងអប់រំផ្ដល់ឱ្យ។ នៅក្នុងកម្មវិធី (App) របស់ក្រសួងអប់រំ មានចំណេះដឹងជាច្រើន ដែលជួយបង្កើនពុទ្ធិ និងចំណេះដឹងបន្ថែម។ ដូច្នេះ សូមឱ្យការប្រើប្រាស់បច្ចេកវិទ្យាឱ្យត្រូវគោលដៅបែបនេះ ដើម្បីបម្រើឱ្យប្រយោជន៍នៃការសិក្សារបស់យើងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង និងប្រសើរជាងមុន។»
ជាមួយគ្នានេះដែរ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានព្រមានថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលខុសគោលដៅ ដូចជាការលេងហ្គេមមិនចេះគិត ឬការចែកចាយព័ត៌មានមិនពិត នឹងនាំឱ្យបាត់បង់ពេលវេលា និងថវិកា ព្រមទាំងប៉ះពាល់ដល់អនាគត ហើយងាយក្លាយជាជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
 ក្នុងន័យនេះ ឯកឧត្តមបានក្រើនរំលឹកដល់យុវជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់មុននឹងចែករំលែក (Share) ព័ត៌មានណាមួយ។ ការពិនិត្យផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់មុននឹងចុចចែករំលែក គឺជាទង្វើដ៏សំខាន់ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលមានលក្ខណៈបំភាន់ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសបុគ្គល។ឯកឧត្តមបានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ឱ្យប្រែក្លាយខ្លួន ជាកម្លាំងចលករប្រកបដោយមនសិការ និងការទទួលខុសត្រូវក្នុងសង្គមឌីជីថល។
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «ការរួមគ្នាបញ្ចប់ការចែករំលែកព័ត៌មានមិនពិត និងការចូលរួមផ្សព្វផ្សាយតែអ្វីដែលជាការពិត វិជ្ជមាន និងមានប្រយោជន៍សម្រាប់សហគមន៍ គឺជាការរួមចំណែកក្នុងការការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើន ជាមួយបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងលំហព័ត៌មានមានគុណភាព។»
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ  បានមានប្រសាសន៍ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលដឹកនាំដោយក្រសួងព័ត៌មាននេះ ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សានុសិស្ស អាច​ទទួល​បាន​ព័ត៌មាន​លឿន រហស័ស ងាយស្រួល និងទូលំទូលាយជាងពេលណាៗទាំងអស់។ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់ការសិក្សា ស្រាវជ្រាវ ការទំនាក់ទំនង និងការអភិវឌ្ឍចំណេះដឹង។
សិស្សានុសិស្ស​ទាំង​អស់​ នៅវិទ្យាល័យរវៀង ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុះ​មុតក្នុង​ការ​ចូល​រួម​ជា​មួយ​ក្រសួង​ព័ត៌មាន​ ក្នុង​ការ​​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ។ ពួកគេ​សូម​ប្តេជ្ញា​ចិត្ត «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មានក្លែង​ក្លាយ» និង​ចូល​រួម​លើក​កម្ពស់​ចំណេះ​ដឹងក្នុង​ការ​​​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ពង្រឹង​ចំណេះ​ដឹង​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅក្នុង​សាលា​រៀន និង​សហគមន៍​យើង។​​
សូមបញ្ជាក់ថា យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ យុទ្ធនាការជំហានទី២នេះ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ តាកែវ កំពង់ស្ពឺ  កំពត និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕









No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages