ការគ្រប់គ្រងសាធារណមតិបានប្រសើរមានសារៈសំខាន់ណាស់ក្នុងការប្រឆាំងសង្គ្រាមសតិអារម្មណ៍មានប្រភពពីក្រៅប្រទេស ក្នុងបរិបទជម្លោះព្រំដែនកម្ពុជាថៃ------
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ទន្ទឹមនឹងទង្វើឈ្លានពានដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ថៃបានប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ ប្រឌិតរឿងឡើងខុសពីការពិត ដើម្បីបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ។
ក្នុងឱកាស ឯកឧត្តមបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារព័ត៌មាននិងសាធារណមតិរបស់មន្ទីរព័ត៌មានរាជធានីខេត្ត កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន និងតាមរយៈវីដេអូពីចម្ងាយ ឯកឧត្តមមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយត្រូវបានបង្កើតឡើង និងបានចរាចរយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ក្នុងចំណោមនោះព័ត៌មានក្លែងក្លាយ ការប្រឌិតការផ្សាយបំភ្លៃ ញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ភាគច្រើនមានប្រភពមកពីថៃ និងក្រុមអគតិក្រៅច្បាប់ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំនឿចិត្តរបស់សាធារណជនលើការដឹកនាំ។
ឯកឧត្តមបានជំរុញមន្ទីរព័ត៌មានឱ្យពង្រឹងទំនាក់ទំនងការងារជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គម ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មានពិតស្តីពីការវិវត្តនៃស្ថានភាពព្រំដែន សារលើកទឹកចិត្តពលរដ្ឋនិងកងទ័ព សារជំរុញការបន្តជំនឿចិត្តលើការដឹកនាំ និងផ្សាយព្រឹត្តិការណ៍ពិតជុំវិញការបើកការវាយប្រហាររបស់ថៃ មកលើកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ជូនពលរដ្ឋទូទាំងប្រទេស។
ជាមួយគ្នានេះដែរ ឯកឧត្ដម បានតម្រង់ទិសបន្ថែមដល់មន្ត្រីមន្ទីរព័ត៌មានលើការងាររៀបចំបណ្តាញព័ត៌មាននិងផ្សព្វផ្សាយ ដោយសហការឱ្យបានជិតស្និទ្ធបន្ថែមជាមួយមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ និងបណ្តាញព័ត៌មានជាមួយយុវជនក្នុងខេត្ត ដើម្បីជំរុញការគ្រប់គ្រងព័ត៌មាននិងសាធារណមតិទាន់សភាពការណ៍ បត់បែន ចំគោលដៅ មានប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពព័ត៌មានជូនពលរដ្ឋ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
ចាប់តាំងពីថ្ងៃដែលថៃបានបើកការវាយប្រហារមកលើកកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ថ្ងៃនេះ ក្រសួងព័ត៌មានបានកំណត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន ចំនួនជាង ១៦០ ករណី រាប់បញ្ចូលទាំងព័ត៌មានក្លែងក្លាយបង្កើតដោយAi ផងដែរ ។ ការគ្រប់គ្រងសាធារណមតិបានល្អ នឹងធានាភាពនឹងនរខាងផ្លូវចិត្ត ស្ថិរភាពសតិអារម្មណ៍សាធារណៈ និងធានាសុវត្ថិភាពព័ត៌មានសម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ អំពីព្រឹត្តិការណ៍សង្គម ពិសេសគឺជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ៕





No comments:
Post a Comment