www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, 14 April 2026

កម្លាំងចម្រុះខេត្តមណ្ឌលគីរី បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យ ឃាត់ខ្លួនជនបរទេស២៦២នាក់ ក្នុងនោះមានជនជាតិថៃ៥៨នាក់

 


កម្លាំងចម្រុះខេត្តមណ្ឌលគីរី បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យ ឃាត់ខ្លួនជនបរទេស២៦២នាក់ ក្នុងនោះមានជនជាតិថៃ៥៨នាក់  


(មណ្ឌលគីរី)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគីរី ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបដ៏ធំមួយ ឆ្មក់ចូលឆែកឆេរទីតាំងអគារពាណិជ្ជកម្មចិនមណ្ឌលគិរី របស់ក្រុមហ៊ុន មុងទ័រជាលី សេងមៅឆេង ស្ថិតនៅ ក្រុងសែនមនោរម្យ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានការសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ប្រតិបត្តិការនេះដំបូងឡើយធ្វើឡើងតាមសំណើអន្តរាគមន៍របស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីស្វែងរកជនជាតិឥណ្ឌា។ ប៉ុន្តែនៅពេលចុះអនុវត្តផ្ទាល់ កម្លាំងនគរបាលខេត្តបានរកឃើញមានការប្រមូលផ្តុំស្នាក់នៅពីសំណាក់ជនបរទេសយ៉ាងច្រើនកុះករ ទើបឈានដល់ការសម្រេចចិត្តឆែកឆេរជាក់ស្តែងតែម្តង។
ជាលទ្ធផលអាជ្ញាធរបានរកឃើញជនបរទេសសរុបចំនួន ២៦២នាក់ (ស្រី្ត ៤៧នាក់) មាន៩ សញ្ជាតិ រួមមានៈ ចិន១៣៥នាក់ (ស្ត្រី២នាក់) ថៃ៥៨នាក់(ស្រ្តី២៧នាក់ ) ឥណ្ឌា៣០ នាក់(ស្រ្តី១នាក់) មីយ៉ាន់ម៉ា២២នាក់ (ស្រ្តី១៣នាក់) នេប៉ាល់ ៦នាក់ (ស្រ្តី២នាក់) ប៉ាគីស្ថាន៤នាក់ (ស្រ្តី១នាក់ ) រ៉វ៉ាន់ដា៥នាក់ ប៊ូរ៉ុនឌី១នាក់និងហ្វីលីពីន១នាក់ ។ ក្រៅពីនេះ អាជ្ញាធរដកហូតសម្ភារៈបច្ចេកវិទ្យា រួមមានៈកុំព្យូទ័រលើតុ ៤២០គ្រឿង និងទូរសព្ទដៃ ១,៤៥០គ្រឿង។
តាមការបំភ្លឺពីជនជាតិថៃបានឱ្យដឹងថា ពួកគេត្រូវបានអូសទាញឱ្យលួចឆ្លងដែនខុសច្បាប់តាមច្រកខេត្តបន្ទាយមានជ័យ ក្រោមការសន្យាផ្តល់ប្រាក់ខែខ្ពស់ពី ២០,០០០ ទៅ ៤០,០០០បាត ប៉ុន្តែបែរជាត្រូវមកបង្ខំឱ្យធ្វើការងារឆបោកអនឡាញបែបនេះទៅវិញ។  ក្នុងនោះមាន ជនជាតិថៃ ១នាក់បានបំភ្លឺថាខ្លួនបានធ្វើដំណើចូលកម្ពុជា តាមព្រលានភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើជាបុគ្គលិកអនឡាញ នៅក្រុងបាវិត ខេត្តស្វាយរៀង ហើយត្រូវបានអូសទាញឱ្យទៅធ្វើការនៅទីតាំងខាងលើ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៦។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថាក្រុមនេះ បានប្រើប្រាស់បច្ចេកវិទ្យាដើម្បីឆបោកគោលដៅទៅប្រទេសថៃ ក្នុងរូបភាពក្លែងបន្លំលក់ទំនិញអនឡាញ និងទៅសហរដ្ឋអាមេរិក ក្នុងរូបភាពក្លែងបន្លំការវិនិយោគរូបិយប័ណ្ណឌីជីថល (Crypto)។

ជាវិធានការចំពោះមុខ មានមេខ្លោងជនជាតិចិន២នាក់ និងមីយ៉ាន់ម៉ា១នាក់ រួមជាមួយនឹងវត្ថុតាង កុំព្យូទ័រ និងទូរសព្ទដៃមួយចំនួន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី។
ចំណែកជនបរទេស ២៥៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជា។
អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនម្ចាស់ទីតាំងដែលកំពុងគេចវេសមិនសហការជាមួយសមត្ថកិច្ច ដើម្បីយកមកអនុវត្តទោសតាមច្បាប់ជាធរមាន។ សម្ភារៈចាប់យកមួយចំនួនត្រូវបានបញ្ជូនទៅឱ្យមន្ត្រីជំនាញបច្ចេកវិទ្យា ធ្វើកោសល្យវិច័យ ដើម្បីស្វែងរកបណ្តាញពាក់ព័ន្ធបន្ថែមទៀត។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប. ) ជាថ្មីម្តងទៀត បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ដោយឡែកចំពោះម្ចាស់ផ្ទះ ឬអគារ ត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែង ទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ‎ ‎ ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។

សូមបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា។ ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមាន ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ៕










No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages