www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, 15 April 2026

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនមនុស្ស ២០នាក់ ពាក់ព័ន្ធករណី Online Scam

 


សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនមនុស្ស ២០នាក់ ពាក់ព័ន្ធករណី Online Scam

====
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦បានសម្រេចចោទប្រកាន់ជនត្រូវចោទជាចំនួន២០នាក់ (ស្រី្ត០២នាក់) ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង Online Scam ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ(PJ) ។
យោងតាមដីការបង្គាប់ឱ្យឃុំខ្លួនចំនួន២០ផ្សេងគ្នា ចេញដោយលោកប៊ុន រតនៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនត្រូវជោទទាំង២០នាក់នោះមានជនជាតិចិន១៩នាក់ និងជនជាតិកៀហ្សីស៊ីស្ថានចំនួន១នាក់។
ជនត្រូវចោទខាងលើនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំងក្នុងការប្រព្រឹត្ត Online Scam និងការឆ្លងដែនខុសច្បាប់។ ចំពោះទីតាំងប្រព្រឹត្តគឺនៅចំណុចដីឡូត៍គ្មានលេខ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនពាក់ព័ន្ធទាំងនេះ ក៏នឹងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៨០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍។
បើយោងតាមក្រមព្រហ្មទណ្ឌ ត្រង់មាត្រា ៣៨០ ចែងថាអំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ កាលបើបទល្មើសនេះ បានប្រព្រឹត្តជាក្រុមមានការចាត់តាំង។
យោងតាមបញ្ញត្តិមាត្រា ២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ បានចែងថា«ជនបរទេសរូបណាដែលគ្មានការអនុញ្ញាត ហើយចូលមកព្រះរាជាណាចក្រកម្ពុជាដោយលបលាក់ បន្លំ ឫដោយល្បិចផ្សេងទៀតដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់គុកពី បីខែដល់ ប្រាំមួយខែ មុននឹងត្រូវបណ្ដេញចេញ។
លេខាធិការដ្ឋានៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប. ) សូមជម្រាបជូនថា  ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦នេះ ពោលគឺក្នុងរយៈពេល៩ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្តបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង២៥០ ករណី និងបានកសាងសំណុំរឿង បញ្ចូនទៅតុលាការចំនួន ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរដែរ៕
***
ប្រភព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages